11/17/09

សិក្ខាសាលាស្តីពីព្រះពុទ្ធសាសនាថេរវាទ ខ្មែរកម្ពុជាក្រោម និងវិស័យអប់រំ

កាលពីថ្ងៃទី ១៣ វិច្ឆិកា កន្លងហើយ
សមាគមខ្មែរកម្ពុជាក្រោម ដែល
មានចរឹតសាសនាចំនួន៣គឺ គណៈ
កម្មាធិការព្រះសង្ឃថេរវាទ នៃ
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភព
លោក មកពីសហរដ្ឋអាមេរិក,
សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម មកពីប្រទេសកម្ពុជា,
សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសថៃឡងដ់។
បានជួបជុំគ្នានៅ សកលវិទ្យាល័យ ធម្មសាស្រ្ត ទីក្រុងបាងកក់ ប្រទេសថៃ
ដើម្បី ប្រារព្ធធ្វើសិក្ខាសាលាមួយក្រោមប្រធានបទ ព្រះពុទ្ធសាសនាគណៈ
ថេរវាទខ្មែរកម្ពុជាក្រោម និងវិស័យអប់រំ ។

ទិដ្ឋភាពក្នុងអង្គសិក្ខាសាលាពេលចាប់ផ្តើម
អង្គសិក្ខាសាលាចាប់ប្រព្រឹត្តទៅនៅប្រមាណជាម៉ោង ៨:០០នាទីព្រឹក ដែលមានព្រះសង្ឃជាសមណនិស្សិត និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម
ប្រមាណជាជាង៣០០អង្គ/រូប មកពី ប្រទេសចំនួន៦គឺ កម្ពុជា ថៃឡងដ់
សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងមកពីមាតុប្រទេសកម្ពុជាក្រោម។
សូមបញ្ចាក់ដែរថា ក្រៅពីនេះនៅមានអ្នកមុខអ្នកងារ គ្រូបង្រៀនជាជន
ជាតិថៃមួយ ចំនួនក៏បានចូលរួមជាមួយអង្គសិក្ខាសាលានេះផងដែរ។
ទិដ្ឋភាពក្នុងអង្គសិក្ខាសាលា យើងឃើញមានសុន្ទរកថា ពីបណ្តាតំណាង
ស្ថាប័ននានា មានដូចជា ព្រះតេជព្រះគុណ ថាច់ ប៊ីរង្គ តំណាង គណៈ
កម្មាធិការព្រះសង្ឃថេរវាទ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក មក
ពីសហរដ្ឋអាមេរិក ព្រះអង្គបានលើកឡើងចំណុចមួយចំនួនមានដូចជា ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា និងការខិតខំការពារព្រះពុទ្ធសាសនា
ខ្មែរនៅកម្ពុជាក្រោម របស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។

រូបថតលោក ជ័យ មង្គល អ្នកចលនាបង្រៀនអក្សរសាស្រ្តខ្មែរ នៅខេត្តសុរិន្ទ និងទិដ្ឋភាពក្នុងអង្គសិក្ខាសាលា
ដោយឡែកនៅក្នុងសុន្ទរកថារបស់ ព្រះតេជព្រះគុណ ចន្ទ សុផាត
ព្រះប្រធានសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ព្រះអង្គ
បានលើកឡើងស្រដៀងគ្នានេះដែរថា ព្រះពុទ្ធ សាសនាថេរវាទខ្មែរ
នៅកម្ពុជាក្រោម មិនត្រឹមតែមានតួរនាទីអប់រំ ប្រៀនប្រដៅ ព្រះសង្ឃ
ពុទ្ធបរិស័ទឲ្យគោរពប្រតិបត្តិល្អតែប៉ុណ្ណោះទេ។ ព្រះពុទ្ធសាសនាថេរ
វាទខ្មែរកម្ពុជាក្រោម នៅមាននាទីយ៉ាងសំខាន់ក្នុងការការពារ វប្បធម៌
ប្រពៃណី ទំនៀមទម្លាប់ និងជាតិសាសន៍ខ្មែរកម្ពុជាក្រោម ពីសំណាក់ កុម្មុយនិស្តដែលខិតខំបំផ្លិចបំផ្លាញគ្រប់ឧបាយកលទៀតផង​ ព្រះអង្គ
បានបញ្ជាក់ថា នៅ​កម្ពុជាក្រោម បើសាសនារលត់ ជាតិនឹងរលាយ
ផ្ទុយទៅវិញ បើសាសនាពណ្ណរាយ ជាតិនឹងថ្កើនថ្កាន។ ចំណែក
លោក ប្រាក់ សេរីវុឌ្ឍន៍ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីសហ
រដ្ឋអាមេរិក ក្នុងបទបង្ហាញ់របស់លោកៗបានលើកឡើងអំពី សកល
ភាវូបនីយកម្ម របស់អាជ្ញាធម៌យួនដែលបានធ្វើមកលើព្រះ ពុទ្ធសាសនា
ខ្មែរនៅកម្ពុជាក្រោម ក្នុងគោលបំណងលុបបំបាត់ព្រះពុទ្ធសាសនានេះ
ចោល ។ ក្រៅពីនេះអង្គសិក្ខាសាលានៅមានកម្មវិធីសំនួរ ចម្លើយ ដែល
ទាក់ទិនជាមួយនឹងប្រធាន បទជាច្រើន ពីសំណាក់សិក្ខាកាមដែលបាន
ចូលរួម។

រូបថតអានុស្សាវរីយ៍
អស់រយៈពេលមួយថ្ងៃពេញ ដែលអង្គសិក្ខាសាលាបានធ្វើឡើង លទ្ធផល
ទទួលបានយ៉ាងត្រចះត្រចង់គឺ រកឃើញភាពខ្វះខាត់នៃព្រះពុទ្ធសាសនា
ថេរវាទខ្មែរនៅកម្ពុជាក្រោម និង វិស័យសិក្សាអប់រំរបស់ព្រះសង្ឃខ្មែរនៅ
កម្ពុជាក្រោមនៅមានកំរិត គឺអាជ្ញាធម៌យួននៅមិនទាន់ បើកឲ្យមានភាព ទូលាយដូចជាប្រទេសកាន់ព្រះពុទ្ធសាសនាដទៃទៀត។ អាជ្ញាធម៌យួន
នៅមាន ការគាបសង្កាត់យ៉ាងខ្លាំងមកលើព្រះសង្ឃខ្មែរកម្ពុជាក្រោម ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាស នា។ មិនត្រឹមតែប៉ុណ្ណោះទេព្រះសង្ឃ
ខ្មែរកម្ពុជាក្រោម ដែលនិមន្តមកបន្តការសិក្សានៅប្រទេស កម្ពុជា ពេល
ដែលត្រឡប់ចូលទៅស្រុកវិញ ជារឿយៗព្រះសង្ឃទាំងនោះត្រូវបានអាជ្ញា
ធម៌យួន កោះហៅទៅសួរចម្លើយ រហូតមានការធ្វើទុក្ខបុកម្នេញទាល់តែទ្រាំ
ពុំបានក៏ព្រះអង្គសម្រេច ចិត្តលាចាកសិក្ខាបទទាំងបង្ខំ ៕

សុន្ទរកថា របស់ព្រះតេជព្រះគុណ​ នន្ទគុត្តោ ចន្ទ សុផាត ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម

ជាបឋម ខ្ញុំព្រះករុណា សូមនមស្ស
ការចំពោះ ប្រជុំនៃរតនៈ ដោយ
សេចក្តីគោ​រព! សូមគោ រពរំឭក
នូវព្រះវិញ្ញាណក្ខ័ន្ធ វិញ្ញាណក្ខ័ន្ធ
នៃបុព្វវីរៈ សមណៈ វីរៈបុរសខ្មែរ
​គ្រប់ជំនាន់ដែលបានបូជាកាយ
ថ្វាយជីវិតក្នុង បុព្វហេតុជាតិ និង​ព្រះពុទ្ធសាសនា។ សូមគោរព
ព្រះតេជព្រះគុណគណ អធិបតី ព្រះមហាថេរ ព្រះករុណាសមណ
និស្សិត​​ និស្សិត វាគ្មិន និងអង្គ ពិធីទាំងមូលដោយសេចក្តីគោរព។

ឥទ្ធិពលនៃលទ្ធិព្រះពុទ្ធសាសនាចំពោះសង្គមខ្មែរក្រោម
ក្រោយចាក់ឫសនៅក្នុងសង្គមខ្មែរក្រោម​មក ព្រះពុទ្ធសាសនាបាន
ជះឥទ្ធិពលយ៉ាង ធំធេង ទៅលើបណ្តាវិស័យនានាដែលទ្រទ្រង់សង្គម
និងធ្វើឲ្យសង្គមមានការរីកចំរើនព្រម​ទាំងបាន កសាងវប្បធម៌របស់
ជាតិមួយមានលក្ខណៈច្បាស់លាស់ ។
១/ វិស័យនយោបាយ ការគ្រប់គ្រង និងការដឹកនាំប្រទេស
ព្រះពុទ្ធសាសនាមានឥទ្ធិពលទៅលើនយោបាយ ការគ្រប់គ្រង និង
ការដឹកនាំប្រទេស​ជាតិ នៅគ្រប់របបសង្គមដែលគោរពព្រះពុទ្ធសា
សនា។ ជាពិសេសគ្រប់ថ្នាក់ដឹកនាំខ្មែរ សុទ្ធសឹង តែផ្សារភ្ចាប់ខ្លួនទៅ
នឹងព្រះពុទ្ធសាសនា ។ ជាក់ស្តែងក្នុងប្រវត្តិសាស្រ្តមាន ឧកញ្ញា
សឺង គុយ ជាដើមដែលជាពុទ្ធសាសនិក ដ៏ឆ្នើមបានគោរពលើកតម្កើង
ព្រះពុទ្ធសាសនា​។ ជាងនេះទៀតនោះបានបូជា កាយថ្វាយ​ជីវិត ក្នុង
បុព្វហេតុការពារ និងរក្សាព្រះពុទ្ធសាសនាឲ្យបានគង់វង្ស នេះជាគំរូវីរៈ
ភាពដ៏ឧត្តុង្គ​ឧត្តម សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយអនុវត្តនឹងប្រតិ
បត្តិតាម ដើម្បីការពារនិងរក្សាព្រះ​ពុទ្ធ​​សា​សនាឲ្យស្ថិត​ស្ថេរ​​ចិរកាល ។
២/ លើវិស័យវប្បធម៌
សាសនាជាផ្នែកមួយនៃវប្បធម៌ តែផ្នែកនេះបានជះឥទ្ធិពលយ៉ាងធំធេង
ទៅលើផ្នែកដទៃទៀត នៃវប្បធម៌ ដែលបង្កើតបានខឿនវប្បធម៌របស់
ជាតិមួយមានការ រីកចំរើន។ ព្រះពុទ្ធសាសនា​ ជាសាសនាមួយក្នុងបណ្តា
សាសនាផ្សេងៗ បានជះឥទ្ធិពល យ៉ាងធំធេងទៅលើវប្បធម៌ដែលជា
វិស័យមួយមានតួនាទីសំខាន់បំផុត ក្នុងសង្គមខ្មែរកម្ពុជាក្រោម។ ផ្នែក
អប់រំចិត្តគំនិតព្រះពុទ្ធ សាសនាបានអប់រំប្រជាជនខ្មែរ ឲ្យមានចិត្តស្លូត
បូត​ សុភាពរាបសារ ប្រកាន់នូវអាកប្បកិរិយា សមសួនជា អ្នកស្រឡាញ់
សន្តិភាព។ ព្រះពុទ្ធសាសនាបានអប់រំមនុស្ស សត្វ ឲ្យធ្វើអំពើល្អគ្រប់
បែបយ៉ាង មានមេត្តា ករុណា ទៅវិញទៅមកចេះធ្វើទានដល់អ្នក ក្រីក្រ
ជៀសវាង ប្រើហឹង្សា​ និង ការធ្វើសង្គ្រាម។ ដោយសារឥទ្ធិពលនេះ ជា
ទូរទៅ គេសង្កេតឃើញថាជនជាតិខ្មែរមានចរិត ស្លូតបូត និងមានទឹក
ចិត្តស្រឡាញ់សន្តិភាពជា ទីបំផុត។
ផ្នែកអប់រំចំណេះដឹង ៖
ព្រះពុទ្ធសាសនានៅមានភារកិច្ចមួយដ៏សំខាន់ទៀត គឺការអប់រំផ្តល់
ចំណេះដឹងដល់ កុមារ និង យុវជនខ្មែរក្រោម ដើម្បីឲ្យពេញលក្ខណៈ
ជាប្រជាពលរដ្ឋមានសមត្ថភាព មួយ​សម​ស្របឆ្លើយតប ទៅនឹងតម្រូវ
ការនៃការកសាងប្រទេស ក្នុងដំណាក់កាលនីមួយៗ។ នៅ​កម្ពុជា​ក្រោម
សាលារៀន មាននៅតែក្នុងវត្តអារាមនៃព្រះពុទ្ធសាសនា ដែលមានព្រះ
សង្ឃ និងគ្រូបណ្ឌិតជាគ្រហស្ថជាអ្នក បង្ហាត់បង្រៀនមុខវិជ្ជាគ្រប់ប្រភេទ។ ដើម្បីឲ្យកូនចៅបានសិក្សារៀនសូត្រ ទទួលចំណេះដឹង​ ឪពុកម្តាយ ឬ
ជីដូនជីតាបាននាំ កូនចៅទៅផ្ញើនឹងព្រះសង្ឃ គ្រូចៅអធិការ ឬ គ្រូសូត្រ
នៅតាមវត្ត អារាម ដែលដូនតា របស់គេឆ្លាប់ទៅគោរពបូជា។ មុខវិជ្ជា ដែលព្រះសង្ឃបានបង្ហាត់បង្រៀនមុន គេបំផុត គឺ​​បង្រៀនអក្សរសាស្រ្ត
ឲ្យចេះអាន ចេះសរសេរ បង្រៀនធម៌អាថ៌ ដើម្បីឲ្យចេះសូត្រធម៌ ក្នុង​ពិធី
ផ្សេងៗ និងបង្រៀនច្បាប់សីលធម៌ ដើម្បីអប់រំកាយ វាចា ចិត្ត និងអាកប្ប
កិរិយាឲ្យបាន សមរម្យ ចេះគោរពចាស់ព្រឹទ្ធាចារ្យ មាតា បិតា និងអ្នកមាន
គុណទាំងឡាយ។ កាលបើបានរៀនសូត្រចេះអក្សរ និងលេខនព្វន្តខ្លះៗ
ហើយ កុមារត្រូវរៀនធម៌បួសជាសាមណេរ និងភិក្ខុទៀត ដើម្បីសិក្សារៀន
សូត្រភាសាបាលី សំស្រឹ្តក និងទ្រឹស្តីព្រះពុទ្ធ សាសនាឲ្យកាន់តែ ស៊ីជម្រៅ
ដូចជារៀនកាព្យសាស្រ្ត ហាត់តែងកាព្យ ហាត់តែងរឿង និង សិក្សាព្រះត្រៃ
បិដកជាដើម។ សរុបមក បញ្ចាក់ថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុង
ការអប់រំ ផ្តល់ចំណេះ ដឹងដល់កុមារ យុវជនខ្មែរក្រោម ទាំងចំណេះដឹងអក្សរ
សាស្រ្ត និងសីលធម៌ ដើម្បីប្រជា ពលរដ្ឋមានចំណេះវិជ្ជា និងសីលធម៌ល្អ
ប្រសើរ។

៣/ វិស័យសង្គមកិច្ច៖
តាមប្រវត្តិសាស្រ្ត ក៏ដូចជាតថភាពសត្យានុម័តក្នុងពេលបច្ចុប្បន្ន ព្រះពុទ្ធ
សាសនា បានរួមចំណែក ដល់ការទ្រទ្រង់វិស័យសង្គមកិច្ច។ ពិសេសក្នុង
តំណាក់កាលដែលសង្គម ជាតិ​ស្ថិត នៅក្នុងភាពអន់ ថយ ឬ ស្ថិតនៅក្នុង
សង្រ្គាម ព្រះពុទ្ធសាសនាដែល មានវត្តអារាម និងព្រះ សង្ឃជាតំណាង
បានជួយ រំលែកទុក្ខលំបាក និងដោះស្រាយបញ្ហាសំខាន់ៗ របស់សង្គម
យ៉ាងច្រើន។ វត្តអារាមនីមួយៗ បាន ផ្តល់ចំណេះដឹងដល់ យុវជន និង
ប្រជាពលរដ្ឋខ្មែរក្រោម អាច​ទៅប្រកបមុខរបបវិជ្ជាជីវៈ និងមុខជំនាញ
ផ្សេងៗ ដូចជាជាងឈើ ជាងដែក ជាងចម្លាក់ ជាងគំនូរ និងជាងកំបោរ
ជាដើម។ មិនត្រឹមតែ ប៉ុណ្ណោះ វត្តអារាម ជាអន្តេវាសិកដ្ឋានសម្រាប់
សិស្ស និស្សិត ដែលមកពីស្រុកឆ្ងាយៗ ស្នាក់នៅ សិក្សាររៀនសូត្រ
ក្រោមព្រះមេត្តាធម៌ និងការឧបត្ថម្ភ យ៉ាងកក់ក្តៅពីសំណាក់ព្រះគ្រូចៅ
អធិការ និងព្រះសង្ឃគ្រប់ព្រះអង្គ។

ក្រោយបានសិក្សាពីព្រះពុទ្ធសាសនា និងសង្គមខ្មែរមក គេអាច
វាយតម្លៃបានថា៖
ព្រះពុទ្ធសាសនា ជាសាសនាមួយពុំអាចអត់បាន សម្រាប់សង្គមខ្មែរ
ក្រោម។ ព្រះពុទ្ធសាសនា បានជះឥទ្ធិពលយ៉ាងស៊ីជម្រៅទៅក្នុងចិត្ត
គំនិត ទំនៀមទម្លាប់ ប្រពៃណី និង ទៅលើបណ្តា វិស័យនានា នៃ អរិយធម៌ដែលបានធ្វើឲ្យសង្គមខ្មែរក្រោម​ មានអត្ថិភាពរៀង ​រហូត​ដល់
សព្វថ្ងៃ។ ម្យ៉ាងទៀត ព្រះពុទ្ធសាសនាជារបងការពារពូជសាសន៍ខ្មែរ
ក្រោមឲ្យ ​មាន​អត្តសញ្ញាណជាតិ ដែលជាជនជាតិមួយមានវប្បធម៌
អរិយធម៌ មួយពិសេសខុស ប្លែកពីជនជាតិដទៃ។ ដរាបណា នៅតែ
មានព្រះពុទ្ធសាសនា ដរាបនោះខ្មែរក្រោមនៅតែមានអត្ថិភាព ផ្ទុយ
ទៅវិញដរាបណានៅ តែមានខ្មែរក្រោម ដរាបនោះក៏នៅមានព្រះពុទ្ធ
សាសនា។ ការសិក្សាព្រះពុទ្ធសាសនា និងសង្គម ខ្មែរក្រោម បាន
បញ្ចាក់យ៉ាងច្បាស់ថា ព្រះពុទ្ធ សាសនាមានតួនាទី និងសារៈសំខាន់
បំផុតសម្រាប់ សង្គមខ្មែរក្រោម។ ប្រសិនបើពុំមានព្រះ ពុទ្ធសាសនា
ជាបង្អែកទេនោះ សង្គមខ្មែរក្រោម ត្រូវបាន រលាយពូជសាស​ន៍តាំង
ពីយូរយារ ណាស់​​​​​​មកហើយ ភ័ស្តុតាងជាក់ស្តែង​​​ តាមខេត្តមួយចំនួន
នៅកម្ពុជាក្រោម ដែលមិន មានវត្តអារាម គឺត្រូវបានរលាយពូជសាសន៍
។ ព្រះពុទ្ធសាសនា និងវត្តអារាម បានរក្សា ពូជសាសន៍ ទំនៀម ទម្លាប់
ប្រពៃណី ចិត្តគំនិតជាខ្មែររៀងរហូត ទោះបីមាន រគាបសង្កត់ យ៉ាងកាច
សាហាវ និងនយោបាយសមានកម្មរំលាយពូជសាសន៍ខ្មែររបស់រដ្ឋ
អំណាច បក្ស កុម្មុយនិស្ត។ នាពេលបច្ចុប្បន្ននេះ ក្នុងដំណាក់កាលដែល
ខ្មែរក្រោម កុំពុង អនុវត្តនយោបាយ បង្រួបបង្រួមជាតិព្រះពុទ្ធសាសនា
កាន់តែមានតួនាទីយ៉ាងសំខាន់ថែមទៀត។ ព្រះពុទ្ធ សាសនាប្រៀបបាន
ដូចជា ទឹកបន្សាមួយដ៏ស័ក្តិសិទ្ធិ ធ្វើឲ្យខ្មែរគ្រប់និន្នា ការនយោបាយ ភ្ញាក់
រលឹកនឹកឃើញដល់វាសនា និង ព្រលឹងរបស់ពូជសាសន៍ខ្លួន។ តើខ្មែរនៅ
តែឈ្លោះគ្នាតទៅ ទៀតឬយ៉ាងណា?តើអ្នកណាជាអ្នកចំ ណេញ? ស្មារតីនេះ បានបំពាក់នូវសន្តានចិត្តខ្មែរ គ្រប់រូប គឺត្រូវតែត្រិះរិះពិចារណា ដើម្បីជាតិ
រស់។ កូនខ្មែរទាំងអស់គ្នាត្រូវតែរក្សាការពារពូជសាសន៍ ការពារទឹកដី ការ
ពារវប្បធម៌ អរិយធម៌ របស់ជាតិ ខ្លួនឲ្យនៅគង់វង្សរៀងរហូត ដោយផ្សារ
ភ្ជាប់ខ្លួនទៅនឹងលទ្ធិព្រះពុទ្ធ សាសនា។ សូមឲ្យឥទ្ធិពល នៃលទ្ធិព្រះពុទ្ធ
សាសនា មានអត្ថិភាពរៀងរហូតក្នុងចិត្តគំនិត វប្បធម៌ អរិយធម៌ខ្មែរ ដើម្បី
ខ្មែររស់ ខ្មែរមានអត្ថិភាព និងខ្មែររីកចំរើន។

សូមអរព្រះគុណ​ និងអរគុណ!

9/28/09

ពិធីប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមដែលបានបញ្ចប់ វគ្គបណ្តុះបណ្តាល កុំព្យូទ័រជំនាន់ទី១

នៅព្រឹកថ្ងៃ
ទី៨កើត ខែ
អស្សុជឆ្នាំឆ្លូវ
ឯកស័កព.ស.
២៥៥៣ ត្រូវ
នឹងថ្ងៃទី២៧
កញ្ញាម្សិល
មិញនេះនៅ
ទីស្នាក់ការ
សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម បានបើកពិធី
ប្រគល់វិញ្ញាបនបត្រដល់សិស្ស និស្សិត ចំនួន២៦អង្គ/រូប។
ដែលបានបញ្ចប់វគ្គបណ្តុះ បណ្តាលកុំព្យូទ័រ ជំនាន់ទី១ ក្រោម
អធិបតីភាពព្រះញាណវង្ស ឃឹម សន ព្រះរាជាគណៈថ្នាក់ត្រី
ព្រះបាឡាត់គណរាជធានីភ្នំពេញ និ​ងជាព្រះពហុស្សុតស្តាំ
វត្តបទុវតីរាជវរារាម ។

ព្រះតេជព្រះគុណ ចន្ទ សុផាត ព្រះប្រធាន សម្ព័ន្ធសមណ និស្សិត និស្សិតខ្មែរកម្ពុជាក្រោម


ក្រោយពីមានការជួបជុំសិស្ស និស្សិត ព្រមទាំងការនិមន្តមកដល់នៃ
គណៈអធិបតីរួច កម្មពិធីបានប្រព្រឹត្តទៅដោយ ព្រះតេជព្រះគុណ
ចន្ទ សុផាត ព្រះប្រធាន សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជា
ក្រោម បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបើកកម្មវិធី ។ ក្នុង
សុន្ទរកថានេះដែរព្រះអង្គក៏បានលើកឡើងអំពីប្រវត្តិសង្ខេបរបស់
សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជា ក្រោមថាៈ សម្ព័ន្ធសមណ
និស្សិត និស្សិតខ្មែរកម្ពុជាក្រោម គិតមកដល់បច្ចុប្បន្នបាន៣អាណត្តិ
ហើយ ដោយក្នុងអាណត្តិទី១ មានលោកគ្រូបណ្ឌិតយៀង វណ្ណា
ជាប្រធាន អាណត្តិទី២ មានព្រះតេជព្រះគុណ ចៅ សាង ជាប្រធាន
និងអាណត្តិទី៣នេះគឺព្រះ អង្គផ្ទាល់ជាប្រធាន ។ ព្រះអង្គបានបន្ត
ទៀតថា សកម្មភាពទាំងឡាយនៃ ស.ន.ខ.ក.ក. ដែល អាចដំណើរ
ការនិងប្រព្រឹត្តទៅបានដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់
គណកម្មការ គណកម្មការនាយក ទាំងអស់ដែលបានលះបង់យ៉ាង
អស់ពីកម្លាំងកាយ/ចិត្ត ក្នុងការបំពេញភារកិច្ចនេះ ។ ព្រះអង្គក៏បាន
បញ្ចប់នូវសុន្ទរកថា ដោយបានបញ្ចាក់ថា មកដល់បច្ចុប្បន្ន វគ្គបណ្តុះ
បណ្តាលនេះធ្វើឡើងបាន៣ជំនាន់ហើយដោយមានសិស្ស និស្សិត
សរុបប្រមាណជា ៣០៥អង្គ/រូប ។
ព្រះតេជព្រះគុណ សម សុជាតិ ដំណាងឲ្យ សិស្ស និស្សិត

បន្ទាប់ពីព្រះប្រធាន ស.ន.ខ.ក.ក. បានបញ្ចប់នូវសុន្ទរកថា ដ៏ពោរ
ពេញទៅដោយអត្ថន័យ និង ខ្លឹមសារមក ។ ព្រះតេជព្រះគុណ
សម សុជាតិ ដំណាងឲ្យ សិស្ស និស្សិត បានឡើងថ្លែងសុន្ទរកថា
ចំណាប់អារម្មណ៍ក្នុងពិធីនេះថា ឆ្លងកាត់ការបណ្តុះបណ្តាលអស់
រយះពេល ៣ខែប្លាយ ថ្វីត្បិតតែវាមិនបានចេញជារូបរាងធំដុំក៏ដោយ ក៏វាអាចជួយបានជាចំណុចណាមួយដល់ព្រះអង្គ ក៏ដូចជាសិក្ខាកាម
ទាំងអស់ ។ ព្រះអង្គបានបន្តថា សមដូចជាពាក្យមួយឃ្លាបានពោល បើយើងមិនអាចធ្វើជាព្រះច័ន្ទដើម្បីបំភ្លឺពិភពលោកទាំងមូលបាន
ក៏ដោយ យ៉ាងហោចណាស់ក៏យើងអាចឆ្នៃវាឲ្យក្លាយទៅជាចង្កៀង

គោមមួយដើម្បីបំភ្លឺ ដល់អ្នកដែលនៅជិតខ្លួនយើងបានដែរ ។ ជាចុង
ក្រោមព្រះអង្គបានថ្លែងអំណរគុណយ៉ាងជ្រាវ ជ្រៅ និង អស់ពីចិត្ត
ចំពោះ ស.ន.ខ.ក.ក. ដែលបាន បើកវគ្គបណ្តុះបណ្តាលនេះឡើងក្នុង
ទិសដៅ បណ្តុះបណ្តាលធនធានមនុស្ស ។

ព្រះញាណវង្ស ឃឹម សន ព្រះរាជាគណៈថ្នាក់ត្រី ព្រះ
បាឡាត់គណរាជធានីភ្នំពេញ និ​ងជាព្រះពហុស្សុតស្តាំ វត្តបទុមវតី


ក្រោមអធិបតីភាព ព្រះញាណវង្ស ឃឹម សន ព្រះរាជាគណៈថ្នាក់ត្រី
ព្រះបាឡាត់គណរាជធានីភ្នំពេញ និ​ងជាព្រះពហុស្សុតស្តាំ វត្តបទុមវតី
ព្រះអង្គបានថ្លែងសុន្ទរកថា ចំណាប់អារម្មណ៍ក្នុងពិធីនេះថាជាដំបូង
ព្រះអង្គសូមថ្លែងណរគុណយ៉ាងជ្រាវជ្រៅដល់ ស.ន.ខ.ក.ក.ដែលបាន
ខិតខំពុះពារនូវរាល់ឧបស័គ្គដើម្បីបើកវគ្គបណ្តុះបណ្តាលនេះឡើងក្នុង
គោលបំណងរួមជាចំណែកបណ្តុះបណ្តាលធនធានជាតិ ។ ព្រះអង្គ
បានបន្តថា ប្រទេសដែលរីក ចំរើនទៅជាអរិយប្រទេសបាន ពុំអាច
ខ្វះនូវកត្តាពីរយ៉ាងគឺៈ គន្ធធុរៈ និងវិបស្សនាធុរៈនោះទេ ។

ក្រោយពីព្រះអង្គបានបញ្ចប់សុន្ទរកថាដ៏ពោរពេញទៅដោយអត្ថន័យ
ក្នុងនាមជាគណៈអធិបតីព្រះអង្គបានប្រគល់ប័ណ្ណសរសើរ ដល់
លោកគ្រូចំនួន២ អង្គ/រូប និង វិញ្ញាបនបត្រដល់សិស្ស និស្សិតឆ្នើម
ចំនួន ៥អង្គ/រូប ។


បន្ទាប់ពីគណៈអធិបតីបានប្រគេន ជូនប័ណ្ណសរសើរដល់គ្រូបង្រៀន

នឹង សិស្ស និស្សិតឆ្នើមរួច ព្រះប្រធាន ស.ន.ខ.ក.ក. មួយអន្លើដោយ

តំណាង ការកសង្ឃវត្តបទុមវតី បានឡើងប្រគល់វិញ្ញាបនបត្រចំនួន

២១ អង្គ/រូប បន្តទៀត ។ អង្គពិធីទាំងមូលបានបញ្ចប់ដោយ មានការ

ទទួលទានភ័ត្តថ្ងៃ ត្រង់រួមគ្នានៅកុដិ ១៧ វត្តបទុមវតី ។

រូបថតអានុស្សាវរីយ៍ក្រោយពេលទទួលវិញ្ញាបនបត្រ